[គួរអាន] ជីវប្រវត្តិអ្នកនិពន្ធអក្សរសិល្ប៍ខ្មែរ


កាលពីភាគមុន យើងខ្ញុំបាននាំជូននូវ​ប្រវត្តិ​អ្នក​និពន្ធ​អក្សរ​សិល្ប៍​ខ្មែរ​ដែល​មាន​ជីវ​ប្រវត្តិ​ខ្លី​ៗ​ ដោយ​ឡែក​នៅ​ក្នុង​ភាគបន្ទាប់​នេះ​ យើង​ខ្ញុំ​សូម​បង្ហាញ​ជូន​នូវ​ជីវ​ប្រវត្តិ​របស់​អ្នក​និពន្ធ​ដែល​មាន​កិត្តិស័ព្ទ​ល្បីល្បាញ​ ដូចជា ៖


១. លោក នូ ហាច

ក. ជីវប្រវត្តិ៖

  • កើតនៅថ្ងៃទី២៦ មិថុនា ១៩១៦ នៅកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់​ដំបង។ បិតា​នាម ឃួន នៅ មាតានាម ឱ រមួច។ ពីកុមារធ្លាប់​បានបួស​រៀននៅ​​វត្តក្នុង​ភូមិកំណើត រៀនអក្សរ​ចេះមើលសាស្ត្រា​បាន​យ៉ាងស្ទាត់។
  • ឆ្នាំ ១៩៣២ បានប្រឡង​ជាប់ចូលរៀន​នៅអនុវិទ្យាល័យ​ស៊ីសុវត្ថិ​រហូតដល់​ឆ្នាំ១៩៣៩ ក្រោយដែលជាប់​មធ្យមសិក្សា​បត្រភាគទី១ ហើយលោក​បានចូល​ធ្វើការជា​ចៅក្រម ផ្លាស់មក​ភ្នំពេញវិញក្រោយ​ពីរៀប​អាពាហ៍ពិពាហ៍។
  • ឆ្នាំ១៩៤៧ បានទៅបម្រើ​នៅក្រសួង​ឃោសនាការ​ កាន់កាប់ខាងការ​ផ្សាយកាសែត​នៅកម្ពុជា
  • ឆ្នាំ១៩៤៨ ធ្វើជា​លេខាផ្ទាល់​របស់ទ្រង់​យុត្តិវង្ស កាលទ្រង់​ជានាយក​រដ្ឋមន្ត្រី។ បន្ទាប់ពី​ទ្រង់យុត្តិវង្សសុគត​ទៅ លោកត្រឡប់​មកក្រសួង​ឃោសនាការវិញ​ ធ្វើជានាយក​ខុទ្ទកាល័យ។
  • ឆ្នាំ១៩៥២ លោកចូលទៅ​បម្រើនៅក្រសួងការបរទេសវិញ​ ដែលនៅជាប់​មុខងារជា​ មន្ត្រីការទូតខ្មែរ។
  • ថ្ងៃទី១៦ មិថុនា ១៩៥២ ដល់ ២៣ មករា ១៩៥៣ សម្តេចនរោត្តមសីហនុ ជានាយកមន្ត្រីបានតែងតាំងលោកនូហាចជារដ្ឋលេខាធិការក្រសួងសាធារណការ និងគមនាគមន៍ដោយក្រឹត្យលេខ២៥២ ថ្ងៃទី១៥ មិថុនា ឆ្នាំ១៩៥២។
  • លោកបានចូលជាសមាជិកនៃសមាគមអ្នកនិពន្ធខ្មែរតាំងពីថ្ងៃទី១៧ មករា ១៩៥៨។
  • ក្នុងក្រសួងការបរទេសលោកបានទទួលតំណែងចុងក្រោយបង្អស់ជាឯកអគ្គរាជទូតខ្មែរប្រចាំនៅប្រទេសឥណ្ឌូនេស៊ីប្រហែលនៅឆ្នាំ១៩៦៩។ លោកនិវត្តន៍ចូលភ្នំពេញវិញប្រហែលនៅរវាងឆ្នាំ១៩៧២។ លោកបានបាត់ខ្លួននៅសម័យខ្មែរក្រហម គឺរវាងឆ្នាំ១៩៧៥ ដល់១៩៧៩។

ខ. ស្នាដៃសំខាន់ៗ៖

  • រឿងផ្កាស្រពោន (១៩៤៩)
  • រឿងនារីជាទីស្នេហា (១៩៥៣)
  • រឿងលាវណ្យ និងរវិន្ទ (ភាគ១ ១៩៥៣, ភាគ២ ១៩៥៥)
  • រឿងមាលាដួងចិត្ត (១៩៧២)

២. លោក ទី ជីហួត

ក. ជីវប្រវត្តិ៖

  • កើតថ្ងៃទី១០ កុម្ភៈ ឆ្នាំ១៩៥២
  • មានស្រុកកំណើតនៅភូមិត្រពាំងស្លា ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ
  • ទទួលមរណភាពនៅថ្ងៃទី០៣ មិថុនា ឆ្នាំ១៩៨៧ នៅរាជធានីភ្នំពេញ

ខ. ប្រវត្តិការងារ៖

- មុនឆ្នាំ១៩៧៥

  • ជាងកាត់សក់ជិតផ្សារអូរឫស្សី ភ្នំពេញ
  • ជាសិស្សសាលារៀនផង ដើរលក់នំប៉័ង លក់ប៉ោងៗ បម្រើតុតាមហាង (ដើម្បីចិញ្ចឹមក្រុមគ្រួសារក្នុងនាមជាកូនច្បង)
  • គេចាប់ធ្វើទាហាន

- ក្រោយឆ្នាំ១៩៧៥

  • ជម្លៀសទៅស្រុកខាងម្តាយ នៅភូមិកោះតូច ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាលបាន៦ខែ
  • ខ្មែរក្រហមបញ្ជូនទាំងគ្រួសារឲ្យទៅនៅភូមិត្រពាំងថ្ម សង្គាត់ប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបាត់ដំបង មានការងារជាអ្នកលាយជីលេខ១ (ជីលាមកមនុស្ស)

- ក្រោយឆ្នាំ១៩៧៩

  • បានមកនៅខេត្តសៀមរាបពីរខែបន្តដំណើរទៅរស់នៅស្រុកកំណើតខាងម្តាយជាថ្មីទៀត ក្រោយមកលោកបានមករស់នៅភ្នំពេញ ហើយចូលបម្រើការនៅវិទ្យុជាតិកម្ពុជា

គ. ស្នាដៃ៖

  • ឆ្នាំ១៩៦៨ បានសរសេរកំណាព្យមួយឈ្មោះថា «ក្តីលំបាកវេទនារបស់កូនអ្នកក្រ និងការបែងចែកវណ្ណៈក្នុងសង្គមមនុស្ស»
  • ឆ្នាំ១៩៧០ សរសេររឿងអ្នកលេងជាយសមុទ្រ ជាប្រភេទប្រលោមលោកដោយបោះលក់តាមផ្សារ
  • ឆ្នាំ១៩៧២ សរសេររឿងគុហាថ្មលឿង ជាប្រភេទប្រលោមលោកភាគ (៥ភាគ) បានធ្វើឲ្យគាត់ល្បីឈ្មោះ
  • ឆ្នាំ១៩៧២ បានចូលជាសមាជិកក្រុមអ្នកនិពន្ធខ្មែរ
  • មុនឆ្នាំ១៩៧៥លោកសរសេរបាន៩ស្នាដៃ
  • ក្រោយឆ្នាំ១៩៧៩ លោកសរសេរបាន១៧៦ស្នាដៃ

បើចង់ឲ្យកាន់តែច្បាស់សូមរកមើលឯកសារ «សិក្សាអត្ថបទអក្សរសិល្ប៍ខ្មែរ» ត្រង់ទំព័រទី ២១៥ ដល់ទំព័រទី ២១៧។

៣. ភិក្ខុសោម

ក. ជីវប្រវត្តិសង្ខេប៖

  • នាមពីកំណើត ងួន សោម
  • កើតនៅគ.ស ១៨៥២ នៅឃុំកំព្រៅ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង
  • បិតានាម ងួន មាតានាម យិន ជាកសិករ
  • បានចូលសិក្សានៅសាលាវត្តរហូតដល់អាយុ ១៥ឆ្នាំ បានបួសជាសាមណេរនៅវត្ត «ឥន្ទកាលារាម» នៅ «វត្តកំព្រៅ»
  • ព្រះជន្ម ២១វស្សាបានបំពេញជាភិក្ខុ ដោយមាននាមបញ្ញត្តិថា ព្រះបទុមត្ថេរ
  • បានបន្តការសិក្សានៅភ្នំពេញជាច្រើនឆ្នាំ
  • ក្រោយពីត្រឡប់មកភូមិកំណើតវិញ ព្រះបទុមត្ថេរសោមមាននាទីជាចៅអធិការនៅវត្តកំព្រៅ ដោយមានងារជាព្រះសង្ខវង្ស
  • សុគតនៅគ.ស ១៩៣២ ក្នុងព្រះជន្មាយុ ៨០វស្សា។

ខ. ស្នាដៃ៖

  • រឿង ទុំទាវ (ព.ស ២៤៥៨ គ.ស ១៩១៥)
  • រឿង សព្វសិទ្ធិ (១៩១៤) (មិនមែនសព្វសិទ្ធិរបស់ម៉ឺនភក្តីអក្សរតន់ទេ)
  • រឿង ផ្ការាំទឹករាំ (១៩១១)

No comments