អត្តសញ្ញាណជាតិជាអ្វី? អត្តសញ្ញាណជាតិរួមមានអ្វីខ្លះ? ចូររៀបរាប់
តាមន័យរូបស័ព្ទ អត្តសញ្ញាណជាតិ បានមកពី អត្ត + សញ្ញាណ + ជាតិ ។
- អត្ត មានន័យថា ខ្លួន អាត្មា។
- សញ្ញាណ មានន័យថា គ្រឿងសម្គាល់ លក្ខណៈសម្គាល់ សេចក្តីដឹងជាក់។
- ជាតិ មានន័យថា កំណើត។
តាមន័យទូទៅ អត្តសញ្ញាណជាតិ គឺជាគ្រឿងសម្គាល់នូវជាតិសាសន៍នីមួយៗដាច់ដោយឡែកពីគ្នា ឬជាលក្ខណៈសម្គាល់ជាពិសេសរបស់មនុស្សរស់នៅក្នុងសហគមន៍មួយដែលជាទូទៅមានភាសា វប្បធម៌ អរិយធម៌ជាមួយគ្នា។ អត្តសញ្ញាណជាតិរួមមាន៖
- និមិត្តរូប (ទង់ជាតិ ភ្លេងជាតិ ចម្រៀងជាតិ សញ្ញាជាតិ)
- រូបិយប័ណ្ណ (ប្រាក់រៀល), ភាសាខ្មែរ (មានផ្នត់កម្លាយ គ្មានការលើកដាក់សម្លេង)
- មនុស្សខ្មែរ (ពណ៌សម្បុរ ទម្រង់មុខ កម្ពស់ ភិនភាគ)
- ឈ្មោះខ្មែរ (មុំ ម៉ុក ម៉ែន...)
- ឈ្មោះទីកន្លែង (ភ្នំពេញ បាភ្នំ ត្បូងឃ្មុំ សៀមរាប...)
- ឥរិយាបថ (ដេក ដើរ ឈរ អង្គុយ...)
- សម្លៀកបំពាក់ (ហូល ផាមួង ក្រមា សារុង...)
- សុជីវធម៌ (ចេះគោរពមាតាបិតា ចាស់ព្រឹទ្ធាចារ្យ «ក្មេង គោរពអ្នកចាស់ជាងខ្លួន មានការសំពះពេលជួបគ្នា»...)
- ឧបករណ៍ផ្ទះបាយ (ចាន ឆ្នាំង ជើងក្រាន កញ្ច្រែង ល្អី...)
- ឧបករណ៍ប្រើប្រាស់ (ផ្តិល ត្រឡោក តយ តោក ហិប...)
- ឧបករណ៍កសិកម្ម (នង្គ័ល រនាស់ រទេះ ចប កណ្តៀវ...)
- ជម្រក (ផ្ទះកន្តាំង ផ្ទះរោងដោល រោងឌឿង ផ្ទះប៉ិត...)
- គ្រឿងអលង្កា (ខ្សែក ខ្សែដៃ ចិញ្ចៀន...)
- ទំនៀមទម្លាប់ប្រពៃណី (កូនប្រុសបួសសងគុណម្តាយ កូនស្រីចូលម្លប់ ពិធីរៀបអាពាន៍ពិពាហ៍ បុណ្យទ្វារទសមាស...)
- អក្សរសាស្រ្ត និងអក្សរសិល្ប៍ (រឿងព្រេងខ្មែរ រឿងប្រជាប្រិយ រឿងបែបអក្សរសិល្ប៍ សំណេរ), សិល្បៈ (តន្រ្តី ចម្រៀង របាំ ល្ខោន យីកេ ល្ខោនស្បែក...)
- ល្បែងប្រជាប្រិយ (ចោលឈូង បោះអង្គុញ លាក់កន្សែង ស្តេចចង់ ចាប់កូនខ្លែង...)
- កីឡា (ល្បុក្កតោ ប្រដាល់ គុណដាវ...)
- ម្ហូបអាហារ (សម្លកកូរ ប្រហើរ ទឹកគ្រឿង ប្រហុកកប់...)
- បង្អែម (នំអន្សម នំគម នំជាល...)
- ការតុបតែងលម្អ (មានលក្ខណៈសមស្របតាមចំណង់ចំណូលចិត្ត ប្រពៃណីខ្មែរ...) ។
~ចប់~
Post a Comment