កម្ពុជា សម័យលង្វែក



សម័យលង្វែកគឺជាសម័យក្រោយពីរជ្ជកាលព្រះបាទពញាយ៉ាត ប្រទេសកម្ពុជាកើតមានចម្បាំងជាច្រើនលើកច្រើនសា។ រាជធានីត្រូវ បានផ្លាស់ប្តូរជាច្រើនកន្លែងវិលចុះវិលឡើងពីក្រុងអង្គរ ទួលបាសាន្ត (កំពង់ចាម) ភ្នំពេញ (ចតុមុខ) លង្វែក (កំពង់ឆ្នាំង)។ ក្នុងរាជ្យព្រះអង្គចន្ទទី១ រាជធានីតាំងនៅក្រុងមានជ័យ ខែត្រពោធិ៍សាត់ រួចប្តូរមកក្រុងលង្វែកវិញ។ ព្រះបាទចន្ទរាជា ឬ ព្រះអង្គចន្ទទី១ ជាអនុជពៅឝ្រីឝៅគន្ធបទ ឬជាបុត្រធម្មរាជា។ ពេលដែលស្តេចកន ធ្វើគត់ស្រីសុគន្ធបទនៅបន្ទាយស្ទឹងសែននៅឆ្នាំ ១៥១២ ពញាចន្ទនៅក្រុងអយុធ្យានៅឡើយ។ ក្នុងពេលធ្វើសង្គ្រាមជាមួយស្តេចកន មន្ត្រី និង រាស្រ្តសុំ អោយព្រះអង្គចន្ទឡើងសោយរាជ្យ ទ្រង់ក៏យល់ព្រម។​ទ្រង់ជាស្តេចមួយអង្គដ៏ល្បីល្បាញដែលបានរំដោះដីខ្មែរភាគខាងលិចពីសៀម។ ក្រៅពីបន្ទាយលង្វែក ទ្រង់បានកសាងវត្តអារាមជាច្រើននៅ ខែត្រពោធិ៍សាត់ បរិបូណ៍ ជួសជុលវត្តនៅឧដុង្គមានវត្តលើភ្នំរាជទ្រព្យជាដើម (ព្រះពុទ្ធរូបចូលព្រះនិពា្វន) វត្តត្រឡែងកែងនៅក្នុងបន្ទាយលង្វែក ដែលស្ថិតនៅលើទួលមួយកន្លែង មានរាងជាជើងក្អែកក្នុងវិហារនេះតម្កល់ព្រះពុទ្ធរូបត្រឡែងកែងគឺ ព្រះពុទ្ធរូបបួនអង្គ គង់ឈរទល់ព្រះខ្នងនឹងគ្នា ហើយបែរព្រះភក្ត្រទៅទិសទាំងបួន ហើយនឹងបានកសាងបដិមា ត្រឡែងកែងរូបព្រះគោ។ ប្រមូលអ្នកប្រាជ្ញ បណ្ឌិត កវីអោយចងក្រង និងសរសេរគម្ពីរក្បួនច្បាប់គ្រប់ប្រភេទ សម្រាប់កូនខ្មែរជំនាន់ក្រោយ។ តែគួរអោយស្តាយនៅឆ្នាំ ១៥៦៦ ទ្រង់ក៏សោយទិវង្គត អដ្ឋិធាតុតម្កល់ទុកលើភ្នំព្រះរាជទ្រព្យ។

ទីតាំងភូមិសាស្រ្ត

លង្វែក​ ជាទីតាំងប្រវិត្តសាស្រ្តខ្មែរដែលស្ថិតនៅក្នុងស្រុកកំពង់ត្រឡាច ខែត្រកំពង់ឆ្នាំង និង​ ជាកន្លែងយុទ្ធសាស្រ្តមួយមាន ទន្លេ បឹង ជាពិសេសព្រែក។ ក្រុមមេការឲ្យគេជីកបុកឫសរៀបថ្ម ៦ ហត្ថជុំវិញបន្ទាយជាបីជ្រុង ហើយលើកដីច្រុះក្ដារធ្វើបន្ទាយនេះកម្ពស់ ១៤ ហត្ថ កម្រាស់ខ្នងលើ ១០ ហត្ថ ជើងទេរខាងក្រោម ២២ ហត្ថ ឯជ្រុងទី៤គឺទន្លេ។ មូលហេតុនេះហើយ​ ទើបព្រះចន្ទរាជាបញ្ជាអោយមន្រ្តីឧកញ៉ាសេនាបតីអោយកេណ្ឌរាស្រ្តកាប់ឈើ ជញ្ចូនថ្ម រែកដី ដើម្បីសង់បន្ទាយ​និង​រាជវាំង ទ្រង់បានអោយគេធ្វើកំពែងការពារ ៥ ជាន់ព្រមទាំងដាំរបងឫស្សីយ៉ាងក្រាស់កម្រាស់ ២ សិន (១៦០ម) មានគូទឹក មានទ្វារ ៨ ខាងក្នុងបន្ទាយទាំង៥ជាន់ ដាក់សុទ្ធតែទាហានកាំភ្លើងវែង។

ក្នុងកំពែងជាន់ទីមួយដាក់សុទ្ធតែទាហានកាំភ្លើងធំ ហើយនៅមុខកំពែងនេះមានរោងដំរី ក្នុងកំពែងជាន់ទី១ ដាក់សុទ្ធតែទាហាកាំភ្លើងធំ ហើយ នៅមុខកំពែងនេះ មានរោងដំរី និងរោងសេះ។ កំពែងទី២ ដាក់សុទ្ធតែទាហានកាំភ្លើងវែង សាលាជំនុំ សាលាដំបូង និង សាលាឧទ្ធរណ៍។

ក្នុងកំពែងទី៣ដាក់សុទ្ធតែទាហាអាវុធខ្លី មានដាក់ផ្គាក់ កាំបិត។ កំពែងទី៤ ដាក់សុទ្ធ តែទាហានរក្សាព្រះអង្គ រោងល្ខោន និងព្រះពន្លាទតល្ខោន។នៅក្នុងកំពែងទី៥ មានរោងបញ្ចក្សេត្រ និងដំណាក់សំរិទ្ធ វិមានកំសាន្ត ភិរម្យ ក្រុមបាគូ បុរោហិត និងក្រុមមហាតលិកនៅ។ ក្នុងកំពែងនេះដែរ មានរាជវាំង កំពូលប្រាំបិទមាស និង លាបម្រ័ក្ស៍សម្រាប់ព្រះមហាក្សត្រាធិរាជផ្ទុំ ហើយមានតម្កល់វត្ថុសក្តិសិទិ្ធគឺ ព្រះកែវ ឬ ព្រះត្រឡែងកែង និងព្រះគោចំនួន ១២ ដែលនៅក្នុងពោះព្រះគោទាំងនោះមានរក្សានូវគម្ពីរក្បួនសាស្រ្តាដ៏មានតម្លៃលើសលប់។មានផ្ទះស្រីស្នំ ក្រមការ បុត្រាបុត្រី និងមានឃ្លាំងធំៗទុកស្រូវ អង្ករ អំបិល ប្រហុក ត្រីងៀត ត្រីឆ្អើរ និងឃ្លាំងសាស្រ្តាវុធ។ ម្យ៉ាងទៀតតាមជំនឿរបស់ខ្មែរ ព្រះគោ និងព្រះកែវជាបងប្អូនបង្កើតនិងគ្នា ដែលអ្នកស្រុកតែងតែគោរពបូជាទុកជាវត្ថុស័ក្ដិសិទ្ធិ ដោយសារនៅក្នុងបន្ទាយលង្វែកមានរូបព្រះគោ ព្រះកែវ គេមានជំនឿថា នេះជាបន្ទាយ មួយយ៉ាងមាំសម្រាប់ការពារសត្រូវផង និងឃ្លាំងវប្បធម៌ជាតិបន្ទាប់ពីអង្គរ។

បន្ទាយលង្វែកមានទទឹងប្រវែង ២ សហាតិមាត្រ និងបណ្ដោយប្រវែង ៣ សហាតិមាត្រ ហើយចំណាយពេលសាងសង់ ៣ ឆ្នាំ (១៥២៧ - ១៥២៩)។

ព្រះរាជា និងព្រឹត្តិការណ៍សម័យលង្វែក

ព្រះបាទចន្ទរាជា(១៥១៦ - ១៥៦៦)

ព្រះបាទចន្ទរាជា ឬអង្គចន្ទទី១ ជាព្រះអនុជពៅរបស់ព្រះបាទស្រីសុគន្ធបទ។ នៅក្នុងឱកាសដែលស្ដេចកនធ្វើគុតព្រះបាទស្រីសុគន្ធបទនៅបន្ទាយស្ទឹងសែនក្នុងឆ្នាំ ១៥១២ នោះ ព្រះអង្គចន្ទរាជាកំពុងគង់នៅក្រុងអយុធ្យាស្រុកសៀមឯនោះ។ នៅពេលទទួលបានដំណឹងនេះភ្លាម ព្រះអង្គក៏រកមធ្យោបាយមករំដោះរាជបល្ល័ង្ក។
ក្នុងអំឡុងសង្គ្រាមនេះ ប្រជារាស្ត្របានសុំឲ្យព្រះចន្ទរាជាឡើងសោយរាជ្យ។ ព្រះអង្គក៏ព្រមឡើងគ្រងរាជ្យសិន ដោយមានព្រះនាមសម្រាប់រាជ្យថា ព្រះបរមរាជាចន្ទរាជា នៅគ.ស ១៥១៦។
រហូតដល់ឆ្នាំ ១៥២៦ ជោគជ័យត្រូវបានទាំងស្រុងមកលើព្រះចន្ទរាជា ដោយស្ដេចកនត្រូវចាប់បានហើយសម្លាប់ចោល។

ចាប់ពីឆ្នាំ ១៥២៧ ព្រះបាទចន្ទរាជាបានឲ្យគេសាងសង់បន្ទាយលង្វែក។ នៅឆ្នាំ ១៥២៩ ព្រះអង្គយាងទៅគង់នៅបន្ទាយលង្វែក ហើយលង្វែកក៏ក្លាយជារាជធានីខ្មែររហូតដល់ចុងសតវត្សទី១៦។
ព្រះបាទចន្ទរាជា ជាស្ដេចសឹកសង្គ្រាមក៏ល្បីល្បាញមួយអង្គក្នុងសតវត្សទី១៦ ព្រោះព្រះអង្គបានរំដោះទឹកដីខ្មែរមកវិញរហូតដល់ក្រុងអយុធ្យា។ ព្រះអង្គបានសាងសង់វត្តអារាមជាច្រើន បដិមាត្រឡែងកែង ព្រះគោ និងប្រមូលអ្នកប្រាជ្ញ បណ្ឌិត កវី ... ឲ្យចងក្រង និងសរសេរឯកសារគ្រប់ប្រភេទសម្រាប់កុលបុត្រ កុលធីតាខ្មែរជំនាន់ក្រោយ។ ប៉ុន្តែនៅឆ្នាំ ១៥៦៦ ព្រះបាទចន្ទរាជាទ្រង់បានចូលទិវង្គតនៅក្រុងលង្វែក។ ព្រះចេតិយតម្កល់អដ្ឋិធាតុរបស់ព្រះអង្គស្ថិតនៅលើភ្នំព្រះរាជទ្រព្យសព្វថ្ងៃ។

ព្រះបាទបរមរាជា (១៥៦៦ - ១៥៧៦)

ព្រះបាទបរមរាជា ជាបុត្រទី២របស់ព្រះចន្ទរាជា ព្រះអង្គបានធ្វើចម្បាំងជាមួយសៀមដើម្បីដណ្ដើមយកអាណាខែត្រខ្មែរ ដែលសៀមបានយកទៅ។ នៅឆ្នាំ ១៥៧០ ព្រះអង្គបានយាងទៅគង់នៅរាជធានីអង្គរដើម្បីប្រមូលទ័ពទៅរំដោះយកខែត្រនគររាជសីមា ហើយដាក់មន្ត្រីខ្មែរឲ្យនៅត្រួតត្រាទីនោះ។ នៅឆ្នាំ ១៥៧៤ ដោយទ័ពភូមា និងទ័ពខ្មែរវាយគាបសៀមខ្លាំងពេក ស្ដេចសៀមបង្ខំចិត្តចុះសន្ធិសញ្ញាចងស្ពានមេត្រីជាមួយខ្មែរ ហើយព្រមប្រគល់ខែត្រនគររាជសីមា ចន្ទបុរី និងបស្ចិមបុរីឲ្យមហាក្សត្រខ្មែរវិញ។ ចម្បាំងខ្មែរសៀមលើកនោះ គឺខ្មែរស៊ើបការណ៍ដឹងថាស្ដេចសៀមរវល់តែធ្វើចម្បាំងជាមួយលាវ (សៀមជួយភូមាដោយបង្ខំចិត្តក្នុងចម្បាំងជាមួយលាវ)។ ព្រះបាទបរមរាជាទ្រង់សោយទិវង្គតនៅ គ.ស ១៥៧៦។

ព្រះបាទសត្ថាទី១ (១៥៧៦ - ១៥៨៦)

ព្រះបាទសត្ថាទី១ ជាបុត្រាច្បងរបស់ព្រះបរមរាជាត្រូវបានសោយរាជសម្បត្តិបន្ត ឯបុត្រាប្អូន ព្រះបាទស្រីសុរិយោពណ៌ជាឧបរាជ។ ក្នុងរជ្ជកាលព្រះបាទសត្ថាទី១ ប្រទេសកម្ពុជាបាត់បង់ឥទ្ធិពល និងសិទ្ធិអំណាចស្ទើរតែអស់ទាំងស្រុងពីអាស៊ីអាគ្នេយ៍។ នៅឆ្នាំ ១៥៨៦ ព្រះបាទសត្ថាទី១ ដាក់រាជសម្បត្តិឲ្យបុត្រាច្បងព្រះនាមជ័យជេដ្ឋាទី១។

ព្រះបាទជ័យជេដ្ឋាទី១ (១៥៨៦ -១៥៩៣)

ព្រះបាទជ័យជេដ្ឋាទី១ ជាបុត្រាច្បងរបស់ព្រះបាទសត្ថាទី១ បានឡើងគ្រងរាជសម្បត្តិ ដោយមានព្រះជន្មទើបតែ ១១ ព្រះវស្សា ឯបុត្រាទី២ព្រះនាមពញាតន់ មានព្រះជន្ម ៦ ព្រះវស្សាជាមហាឧបរាជ។ ចំណែកព្រះបាទស្រីសុរិយោពណ៌ ជាមហាឧភយោរាជ។ ក្នុងរជ្ជកាលព្រះបាទជ័យជេដ្ឋាទី១ ប្រទេសជាតិចុះទន់ខ្សោយយ៉ាងខ្លាំង ដែលបណ្ដាលមកពីវិបត្តិរាជវង្សានុវង្ស មន្ត្រីសេនាបតី និងប្រជារាស្ត្រគ្មានជំនឿនឹងគោរពព្រះរាជាវ័យក្មេង គ្មានព្រះរាជតំរិះបន្តិចសោះ ធ្វើឲ្យប្រទេសជិតខាង ជាពិសេសប្រទេសសៀមលើកទ័ពមកវាយលុកចូលប្រទេសខ្មែរជាច្រើនលើកច្រើនសា។ ទីបំផុតសៀមក៏វាយបែកបន្ទាយលង្វែកទៅ នៅឆ្នាំ ១៥៩៣។

ស្ថានភាពនយោបាយ

នយោបាយក្នុងប្រទេស

នៅសម័យលង្វែកមានវិបត្តិរាជវង្សជាញឹកញាប់។ ព្រះបាទសត្ថាទី១ ដាក់រាជ្យថ្វាយទៅបុត្រច្បងព្រះនាមជ័យជេដ្ឋាទី១ ដែលមានព្រះជន្មទើបតែ ១១ ព្រះវស្សាព្រោះខ្លាចព្រះអនុជព្រះនាមស្រីសុរិយោពណ៌ដណ្ដើមរាជសម្បត្តិ ដោយព្រះបាទស្រីសុរិយោពណ៌មានសមត្ថភាព និងប្រជាប្រិយភាព ជាងព្រះអង្គ។ ការបាត់បង់បន្ទាយលង្វែកធ្វើឲ្យខ្មែរអស់ឫទ្ធានុភាព អស់ក្បួនខ្នាត។ សត្រូវប្រមូលទ្រព្យសម្បត្តិ និងរបស់មានតម្លៃយកទៅស្រុកសៀមអស់។

នយោបាយក្រៅប្រទេស

កាលសម័យនោះពុំទាន់មានកង្វល់បញ្ហាព្រំដែនខាងកើតប៉ុន្មានទេ ព្រោះប្រទេសចម្ប៉ាកំពុងជាប់ដៃវាយជាមួយយួនដែលកំពុងលេបទឹកដីនេះបន្តិចម្តងៗ។ ប៉ុន្តែនៅព្រំដែនខាងលិច ព្រះរាជាខ្មែរបានព្យាយាមវាយរំដោះទឹកដីដែលបាត់បង់ទៅ តាំងពីសតវត្សទី១៣យកមកវិញ។ ព្រះបាទស្រីរាជា ចន្ទរាជា បរមរាជា និងសត្ថាទី១ បានលើកទ័ពទៅវាយលុករហូតដល់រាជធានីស្រីអយុធ្យា ហើយរំដោះយកបានអាណាខែត្រជាច្រើនមកវិញ។

មូលហេតុដែលនាំឲ្យទ័ពខ្មែរទទួលបានជោគជ័យយ៉ាងនេះ គឺបណ្ដាលមកពីព្រះរាជារឹងមាំ មានស្មារតីក្លាហានមោះមុត ប្រជារាស្ត្រក្នុង និងក្រៅប្រទេសគាំទ្រ កងទ័ពជឿជាក់លើព្រះរាជា។ ម្យ៉ាងទៀត ទ័ពភូមាបានវាយសៀមជាញឹកញាប់ពីព្រំដែនសៀមភូមា។

សេដ្ឋកិច្ចសម័យលង្វែក

កសិកម្ម

ផ្នែកកសិកម្មមានសកម្មភាពខ្លាំង ព្រោះព្រះរាជាសម័យនោះបានយកព្រះទ័យទុកដាក់នឹងបញ្ហានេះណាស់។ ព្រះអង្គតែងតែគិតគូរដល់ដីធ្លីសម្រាប់ប្រជារាស្ត្រធ្វើស្រែចម្ការ ថែមទាំងបានជីកអូរ ព្រែក ប្រឡាយ សម្រាប់ផ្គត់ផ្គង់ទឹកដល់កសិកម្ម។ ក្នុងរជ្ជកាលព្រះបាទចន្ទរាជា ទ្រង់បានបញ្ជាទ័ពឲ្យកាប់ឆ្ការព្រៃដើម្បីវាតទីដីស្រែចម្ការ សម្រាប់ប្រជារាស្ត្រ។ នៅរដូវបង្កបង្កើនផល និងប្រមូលផល គេតែងតែបញ្ឈប់សង្គ្រាមដើម្បីជួយប្រជារាស្ត្រក្នុងការប្រកបរបរកសិកម្ម។

ពាណិជ្ជកម្ម

ដោយសារបឹងទន្លេសាបសម្បូរត្រី ហើយដីនៅជុំវិញសម្បូរជីជាតិ និងទន្លេមេគង្គជាផ្លូវទឹកដ៏សំខាន់សម្រាប់ដឹកនាំទំនិញទៅលក់ឯបរទេស វិស័យពាណិជ្ជកម្មមានការរីកចម្រើនគួរឲ្យកត់សម្គាល់។ ក្នុងរជ្ជកាលព្រះបាទពញាយ៉ាត ស្ដេចកន ចន្ទរាជា ... ប្រទេសកម្ពុជាសុទ្ធតែបាននាំទំនិញទៅលក់នៅបរទេស ហើយទិញមកវិញនូវគ្រឿងសាស្ត្រាវុធ។ ព្រះបាទបរមរាជាបានធ្វើទំនាក់ទំនងជាមួយពួកអឺរ៉ុប ជប៉ុន ចិន ជ្វា ... ឲ្យមកធ្វើជំនួញនៅស្រុកខ្មែរយ៉ាងច្រើនសន្ធឹកសន្ធាប់។ ពួកនេះបាននាំទំនិញដូចជាកំណាត់សំពត់ ឧបករណ៍ប្រើប្រាស់ផ្សេងៗ ហើយនាំចេញទៅវិញនូវគ្រឿងទេស ភ្លុកដំរី ស្នែង ជ័រ ស្បែក ... ។

សិប្បកម្ម

សិប្បកម្មនៅមានការអន់ថយនៅឡើយ។ សកម្មភាពសំខាន់ក្នុងសម័យនោះគឺការស្លដែក ដែលមានសន្ទុះខ្លាំងក្លាចាប់ពីរជ្ជកាលព្រះបាទចន្ទរាជា ព្រោះព្រះអង្គបានយកព្រះទ័យទុកដាក់នឹងបញ្ហានេះណាស់។ ប៉ុន្តែការប្រើដែលជាវត្ថុធាតុដើម មានរបរដំដែកជាដើម មានសកម្មភាព តាំងពីក្នុងរជ្ជកាលព្រះបាទពញាយ៉ាតម្ល៉េះ។

ការបាក់បែកបន្ទាយលង្វែក និងផលវិបាក

ការបាក់បែកបន្ទាយលង្វែក

នៅឆ្នាំ ១៥៨០ ភូមាបានវាយលុកចូលប្រទេសសៀមយ៉ាងខ្លាំង ពេលនោះស្ដេចសៀមបានផ្ញើររាជសារសុំជំនួយពីស្ដេចខ្មែរព្រះបាទសត្ថាទី១។ ព្រះបាទសត្ថាទី១ ក៏បញ្ជាឲ្យព្រះបាទស្រីសុរិយោពណ៌នាំទ័ពទៅជួយច្បាំងសៀមរហូតទទួលបានជ័យជំនះលើទ័ពភូមា ហើយបានបណ្ដេញទ័ពភូមាចេញពីទឹកដីសៀមទៀត។ ក្រោយពីបានជ័យជំនះលើភូមាហើយ សៀមរមិលគុណខ្មែរ បានលើកទ័ពមកវាយខ្មែរជាច្រើនលើកច្រើនសា។

នៅឆ្នាំ ១៥៨៨ សៀមបានលើកទ័ពចូលទន្ទ្រានខ្មែរយ៉ាងកម្រោល ហើយបានវាយយកបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ រហូតដល់ស្រុកបរិបូរណ៍ ព្រមទាំងហ៊ុមព័ទ្ធបន្ទាយលង្វែកទៀតផង។ ពួកវាព័ទ្ធបន្ទាយលង្វែកអស់រយៈពេល ៣ ខែ‌តែត្រូវបាក់ទ័ពរត់ខ្ចាត់ខ្ចាយទៅវិញ ដោយសារខ្វះស្បៀងនិងកើតជំងឺឆ្លង។ មុនទៅវិញសៀមបានប្រើល្បិចបាចប្រាក់ដួងជាច្រើនចូលក្នុងគុម្ពឫស្សីដែលជារបង​ការពារបន្ទាយលង្វ‌ែ‌ក (បើតាមឯកសារមហាបុរសខ្មែរភាគ៣ បានប្រាប់ថា‌សៀមយកប្រាក់ដួងចំនួន ៥០០០ ដួង‌ ច្របល់និងគ្រាប់សំណច្រក ក្នុងកាំភ្លើ‌ងធំ‌តូ‌ច‌ បាញ់ចេញអស់វេលា ៣ ថ្ងៃ )។
ប្រជារាស្ត្រខ្មែរនាំគ្នាកាប់ឆ្ការគុម្ពឫស្សី ដើម្បីយកប្រាក់ដួងទាល់តែរេចរឹលគុម្ពឫស្សីអស់។

នៅឆ្នាំ ១៥៩៤ ដោយដឹងថាគុម្ពឫស្សីរេចរឹលអស់ហើយ សៀមបានលើកទ័ពមកម្ដងទៀត ហើយនៅទីបំផុតបន្ទាយលង្វែកត្រូវសៀមយកបាន។ ពួកសៀមបានប្រមូលយកព្រះគោ ព្រះកែវ ទ្រព្យសម្បត្តិ‌ក្បួនខ្នាត និងឯកសារផ្សេងៗជាច្រើនយកទៅស្រុកសៀម។

ព្រះបាទសត្ថាទី១ និងបុត្រព្រះនាមជ័យជេដ្ឋាទី១ ភៀសព្រះកាយទៅនៅដែនដីលាវ ហើយក៏សោយទិវង្គតនៅទីនោះទៅ ក្នុងឆ្នាំ ១៥៩៦។ ឯព្រះបាទស្រីសុរិយោពណ៌ ត្រូវសៀមចាប់បាននាំយកទៅស្រុកសៀម។

ផលវិបាក

ក្រោយពីបែកបន្ទាយលង្វែកមក ប្រទេសកម្ពុជាអស់ឫទ្ធានុភាព ហើយធ្លាក់ទៅជារដ្ឋទន់ខ្សោយមួយនៅតំបន់អាស៊ីអាគ្នេយ៍។ ខ្មែរបានបាត់បង់កេតនភណ្ឌជាតិ ក្បួនច្បាប់ អ្នកប្រាជ្ញ បណ្ឌិត ហើយវប្បធម៌ខ្មែរ ក៏ត្រូវសៀមឆក់ប្លន់យកទៅប្រទេសវាស្ទើរតែអស់រលីង។ ប្រទេសជាតិធ្លាក់ទៅក្នុងភាពអនាធិបតេយ្យ ហើយគ្រោះទុរភិក្សបានចូលមកយាយីប្រជារាស្ត្រខ្មែរពេញផ្ទៃប្រទេស។

ប្រទេសកម្ពុជាបានបាត់បង់អាណាខែត្រខាងលិច និងពាយព្យ ដូចជា ខែត្រចន្ទបុរី បស្ចិមបុរី នគររាជសីមា បាត់ដំបង សៀមរាប ពោធិ៍សាត់ ... ។

ឯកសារពិគ្រោះ ៖ សៀវភៅសិក្សាសង្គមថ្នាក់ទី១១ ក្រសួងអប់រំឆ្នាំ២០០០
ប្រភពពី ៖ វីគីភីឌៀខ្មែរ

No comments