រោគសញ្ញា និងវិធីសាស្ត្រដើម្បីដោះស្រាយជំងឺផ្លូវចិត្ត
តើធ្វើយ៉ាងណាទើបដឹងថាខ្ញុំកំពុងមានជំងឺផ្លូវចិត្ត? តើខ្ញុំគួរដោះស្រាយដោយរបៀបណា?
សព្វថ្ងៃនេះយើងសង្កេតឃើញថាមានមនុស្សជាច្រើនបានជួបប្រទះនឹងបញ្ហាផ្លូវចិត្ត។ ពិតណាស់ បញ្ហាផ្លូវចិត្តជាភាពមិនប្រក្រតីខាងផ្នែកសតិអារម្មណ៍ និងអាកប្បកិរិយារបស់មនុស្សម្នាក់ៗ។ វាអាចកើតចេញពីភាពតានតឹងក្នុងអារម្មណ៍ បរិស្ថានជុំវិញខ្លួន ឬដោយសារជួបប្រទះហេតុការណ៍អ្វីមួយដែលប៉ះទង្គិចផ្លូវចិត្តខ្លាំង។យើងអាចកត់សម្គាល់បានថាបុគ្គលណាម្នាក់មានជំងឺផ្លូវចិត្ត ឬជំងឺសតិអារម្មណ៍បានតាមរយៈរោគសញ្ញាច្រើនយ៉ាងដូចតទៅ៖
១. ចូលចិត្តនៅកន្លែងងងឹតៗ
បុគ្គលដែលមានជំងឺនេះមិនសូវចូលចិត្តនៅកន្លែងដែលមានពន្លឺខ្លាំង ព្រោះគេមានអារម្មណ៍ថាគ្មានផាសុខភាព និងសុវត្ថិភាព។
២. ចូលចិត្តនៅម្នាក់ឯង
មិនចង់ចេញទៅណា គេចវេសពីមនុស្សគ្រប់គ្នាដែលមិនសូវស្និទ្ធស្នាលនឹងខ្លួន មិនចូលចិត្តនៅក្នុងចំណោមមនុស្សច្រើន ឬអ៊ូអរខ្លាំង។
៣. កើតទុក្ខស្ទើរគ្រប់ពេលវេលា
នៅសុខៗយំដោយគ្មានមូលហេតុច្បាស់លាស់ សោកសៅស្ទើរគ្រប់ពេល។
៤. ព្យាយាមបង្ហាញឲ្យអ្នកដ៏ទៃឃើញថាខ្លួនរឹងមាំ
មនុស្សប្រភេទនេះមិនចូលចិត្តបញ្ចេញឲ្យអ្នកដ៏ទៃឃើញពីភាពទន់ខ្សោយរបស់ខ្លួន គេព្យាយាមធ្វើឲ្យអ្នកនៅក្បែរខ្លួនសើច ឬញញឹមបានជានិច្ច តែធាតុពិតពួកគេធ្វើបែបនេះដើម្បីលាក់បាំងនូវភាពឈឺចាប់របស់ខ្លួនតែប៉ុណ្ណោះ។
៥. យល់ថាខ្លួនឯងជាមនុស្សឥតបានការ
គេតែងមានអារម្មណ៍បាក់ទឹកចិត្ត យល់ថាខ្លួនជាមនុស្សទន់ខ្សោយ មិនអាចប្រៀបបាននឹងអ្នកដ៏ទៃឡើយ។
៦. ភ័យខ្លាច និងបារម្មណ៍ច្រើន
តែងតែមើលឃើញ និងស្តាប់ឮនូវអ្វីដែលមិនមានពិត ចេះតែខ្លាចថាមានសត្រូវមកយាយី។
៧. ផ្លាស់ប្តូររបៀបនៃការបរិភោគអាហារ និងការគេង
បរិភោគអាហារមិនទៀងទាត់ ខុសពេល និងចូលគេងខុសម៉ោងដែលខ្លួនធ្លាប់ធ្វើរាល់ដង។
៨. ផ្លាស់ប្តូរនៃរបៀបនៃការនិយាយស្តី និងបុគ្គលិកលក្ខណៈ
ផ្លាស់ប្តូរអត្តចរិត និងចូលចិត្តប្រើពាក្យសុំទោសរាល់ពេលចង់បង្ហាញនូវគំនិតរបស់ខ្លួន។
តើធ្វើយ៉ាងណាដើម្បីដោះស្រាយបញ្ហាទាំងនេះ?
ប្រសិនបើអ្នកមានអារម្មណ៍ថាអ្នកកំពុងតែស្ថិតក្នុងស្ថានភាពបែបនេះហើយ ត្រូវប្រញាប់រកវិធីដោះស្រាយឲ្យបានទាន់ពេលវេលា ខាងក្រោមនេះជាវិធីសាស្ត្រ៖១. ត្រូវទៅជួបពិភាក្សាយោបល់ជាមួយនឹងអ្នកឯកទេសខាងជំងឺផ្លូវចិត្ត ថាតើត្រូវធ្វើយ៉ាងណាឲ្យគ្រប់យ៉ាងបានល្អប្រសើរជាងនេះ។
២. ព្យាយាមរកកន្លែងស្ងប់ស្ងាត់ដើម្បីតាំងសមាធិ ឬហាត់កីឡាឲ្យបានច្រើនព្រោះកីឡាមិនត្រឹមតែល្អសម្រាប់សុខភាពទេ តែវាក៏អាចជួយកាត់បន្ថយនូវភាពតានតឹងផងដែរ។
៣. និយាយពីរឿងរ៉ាវលំបាកចិត្តទាំងប៉ុន្មានប្រាប់មនុស្សដែលខ្លួនទុកចិត្ត ព្រោះអ្នកនឹងមានអារម្មណ៍ធូរស្រាលពេលបានចែករំលែកប្រាប់អ្នកដ៏ទៃ។
៤. ធ្វើដំណើរទៅកន្លែងដែលពោរពេញទៅដោយធម្មជាតិស្រស់ត្រកាល ឬកន្លែងដែលខ្លួនឯងចង់ទៅ ព្រោះនេះអាចប្រៀបបានទៅនឹងថ្នាំដ៏សាកសិទ្ធសម្រាប់ព្យាបាលជំងឺផងដែរ។
៥. នៅជាមួយមនុស្សដែលខ្លួនស្រលាញ់ វាអាចជួយឲ្យអារម្មណ៍អ្នកប្រសើរឡើង។
Post a Comment